សង្គម

ពលរដ្ឋនាំគ្នាទៅមើលព្រលានយន្តហោះខ្នាតធំនៅខេត្តសៀមរាប

ក្រោយ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​តុលា​មក​ ព្រ​លាន​យន្តហោះ​អន្ដរជាតិ​សៀមរាប​អង្គរ​ ​នៅ​ក្នុងស្រុក​សូទ្រនិគម​ ​មាន​ភាព​អ៊ូអរ​ខ្លាំង​ ​ក្នុង​នោះ​ពលរដ្ឋ​ជិត​ឆ្ងាយ​បាន​ធ្វើដំណើរ​ទៅ​មើល​ ព្រ​លាន​យន្តហោះ​ខ្នាត​ធំ​នេះ​។​

​ចុង​ស​ប្ដាហ៍​កន្លងទៅ​ ​រូបភាព​ច្រើន​សន្លឹក​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ពលរដ្ឋ​បាន​ធ្វើដំណើរ​ទៅ​ក​ម្សាន្ត ​នៅ​ព្រ​លាន​យន្តហោះ​ថ្មី​ ​ដែល​ភាគច្រើន​ទៅជា​លក្ខណៈ​គ្រួសារ​។​ ​ក្នុង​នោះ​ក៏​មានការ​លក់ដូរ​តាម​ដង​ផ្លូវ​ ​ជិត​ព្រ​លាន​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ផង​ដែរ​។​

អភិបាល​ខេត្ត​សៀមរាប​លោក​ ​ប្រាក់​ ​សោភ័ណ​ ​ក៏បាន​ចែករំលែក​រូបភាព​ពលរដ្ឋ​ទៅ​មើល​ ព្រ​លាន​ថ្មី​នេះ​ដែរ​។​ ​លោក​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ថា​ ​«​កេរ្តិ៍​មរតក​សម្តេច​តេជោ​យើង​តើ​ ​ហេតុអ្វី​ពុក​ម៉ែ​បងប្អូន​ទៅ​មើល​ព្រ​លាន​ប្រវត្តិសាស្ត្រ​ល្អ​បែប​នេះ​មិនបាន​ ​ពួកគាត់​មិនបាន​ទៅ​បង្ក​បញ្ហា​ រឺ​បង្កើត​ចលាចល​ទេ​ ​ជា​សេចក្តី​មោ​ទក​ដែល​ពីមុន​ ​ជាទី​ព្រៃ​សំបូរ​ទៅ​ ​ដោយ​មីន​ ​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​អភិវឌ្ឍន៍​បែប​នេះ​»​។​

​ជាមួយគ្នា​នោះ​ដែរ​ ​លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា​ ​គណៈ​គ្រប់គ្រង​ព្រ​លាន​ ​និង​រដ្ឋបាល​ស្រុក​ ​បាន​រៀបចំ​ ​សណ្តាប់ធ្នាប់​ ​ការ​លក់ដូរ​ ​បរិស្ថាន​អនាម័យ​បាន​ល្អ​ ​មន្ទីរ​ពាក់​ពន្ធ័​ក៏បាន​រៀបចំ​ ​ដើម្បី​សម្រួល​សេចក្តី​សុខ​សុវត្ថិភាព​ក្នុង​ការធ្វើដំណើរ​របស់​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​ជាពិសេស​បងប្អូន​ដែល​ចង់​ទៅ​ស្គាល់​ព្រ​លាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប​នេះ​៕​