សង្គម

ប្រព័ន្ធសម្ពាធទាប និងខ្យល់មូងសុងនិរតីកំពុងគ្របដណ្តប់លើឈូងសមុទ្រថៃ ក្រសួងស្នើ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងនៅថ្ងៃនេះ​ថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងប្រព័ន្ធ​សម្ពាធ​ទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល(Bay of Bengal) ត្រូវបានគេរំពឹងថា នឹង​វិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន(Andaman Sea) ដែល​វា​នឹង​គ្រប​ដណ្តប់លើឈូងសមុទ្រថៃ ហើយវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត ក៏បាន​បក់​នាំ​សំណើម​ក្នុង​កម្រិត​មធ្យម​មក​លើ​តំបន់​ខ្ពង់​រាប តំបន់ទំនាបកណ្តាល និងតំ បន់មាត់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៣ ដល់ទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបដូចជា ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី ជាដើម នៅតែមានភ្លៀងធ្លាក់បន្តក្នុងកម្រិតពីខ្សោយទៅមធ្យម គ្រប​ដណ្តប់លើផ្ទៃដីពី ៣០ ភាគរយទៅ ៥០ ភាគរយ។

នៅ​រាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល នឹងមាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​បង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ ភាគរយទៅ ៦០ ភាគរយ។

ក្រសួង​ធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថាន​ភាពបែបនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕