(ខេត្តពោធិ៍សាត់)៖នាព្រឹកថ្ងៃ សៅរ៍ ទី ២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩ . ៤៥ នាទីព្រឹក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សហការជាមួយលោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ រួមជាមួយនឹងប្រធានមន្ទីរបរិស្ថានខេត្ត និងកងកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើស គ្រឿងចក្រអាស្កាវ៉ាទ័រកាយ នឹងវ៉ៃព្រៃភ្នំរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ក្នុងនោះមានមេការគ្រឿងចក្រ០១នាក់ផងដែរ និងបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានក្រុមហ៊ុនមួយយកគ្រឿងចក្រអេស្កាវ៉ាទ័រឈូសឆាយ វ៉ៃព្រៃភ្នំយាយម៉ៅ ដែលជាសម្បត្តិរបស់រដ្ឋ ដោយសំអាងថា មានច្បាប់អនុញ្ញាតត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់។
បើតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ភ្នំដែលឈ្មួញកំពុងដាក់គ្រឿងចាក់វ៉ៃព្រៃ កាយដើម្បីរុករករ៉ែ នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ ប្រជាពលរដ្ឋក៏ធ្លាប់ឃើញកម្លាំងអង្គការ ហ្វាយអេត ចុះទៅទីនោះផងដែរ
ប៉ុន្តែចំពោះអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ បែរជាមិនដែលចុះទៅពិនិត្យនៅទីតាំងខាងលើនោះឡើយ។
សូមបញ្ជាក់ផងដែរថា ក្រោយមានការបង្ក្រាបសកម្មភាព វ៉ៃព្រៃភ្នំ ជិះកាយរុករករ៉ែ ប្រជាពលរដ្ឋ ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ សម្ដែងការអបអរ និងសរសើរចំពោះការដឹកនាំ របស់ឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំបញ្ជាផ្ទាល់ ក្នុងការបង្ក្រាបក្រុមគ្រឿងចក្រខាងលើនេះ។ ពួកគាត់បន្តទៀតថា កន្លងមកក្រុមគ្រឿងចក្រវ៉ៃព្រៃកាយភ្នំនេះ បានបង្ករភាពអនាធិបតេយ្យធ្វើឲ្យមានការប៉ះពាល់ នៅទ្រុងទ្រាយធនធានភ្នំធម្មជាតិ ឥតស្ដាយស្រណោះ ហើយកន្លងមក ក៏មិនដែលឃើញ មានសមត្ថកិច្ចណាចុះបង្ក្រាប និងសួរនាំដែរ រហូតដល់ពេលនេះ ឯកឧត្តម អៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះបង្ក្រាបបញ្ជាផ្ទាល់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299