សង្គម

ក្រុមហ៊ុន ៥ គ្រោងបោះទុនវិនិយោគនៅកម្ពុជា ក្នុងរាជធានីខេត្តចំនួន៣ ដោយនឹងផ្តល់ឱកាសការងារជាង៥ពាន់កន្លែង

ក្រុមហ៊ុនចំនួន៥ គ្រោងនឹងចាយទុនវិនិយោគសរុបប្រមាណ​​​​៥៣,៦លានដុល្លារអាម៉េរិក​​​ ក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ​អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន៥​​​៦៦០កន្លែង។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រឱ្យរួមមាន៖ ទី១-ក្រុមហ៊ុន“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤៧កន្លែង, ទី២-ក្រុមហ៊ុន“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៨,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១២៤០កន្លែង។

រីឯទី៣-ក្រុមហ៊ុន“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦៣៦កន្លែង,​​ទី៤-ក្រុមហ៊ុន“PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសម្បូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៥១កន្លែង​, និងទី៥ក្រុមហ៊ុន-“MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១​​៥៨៦កន្លែង៕