សង្គម

តើពិរុទ្ធជន សុខ សុវណ្ណវឌ្ឍនាសាប៊ុង អាចបង្ហោះសារសំឡេង​នៅ​លើបណ្តាញ​សង្គម​បានដោយរបៀបណា?

កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលគេ​ស្គាល់ថា គឺជា​ប្រធានគណបក្សខ្មែរក្រោក ហើយ​ត្រូវ​បានជាប់ពន្ធនាគារ​ក្រោយ​ធ្វើ​សកម្មភាពប្លន់អ្នកជំនួញមួយ​រូបនោះ បានបង្ហោះសារសំឡេងតាមបណ្តាញ​សង្គម​ទៅ​កាន់អ្នក​គាំទ្រ​របស់ខ្លួន។ ការ​ចេញសារសំឡេង​នៅ​លើបណ្តាញ​សង្គម​របស់​ពិរុទ្ធជនរូបនេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

យ៉ាងណាក៏ដោយ​មួយថ្ងៃបន្ទាប់ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ​ បានចេញសេចក្តីបំភ្លឺ ដោយថា តាម​រយៈ​ការ​ស្រាវជ្រាវរបស់មន្រ្តីជំនាញទូរគមនាគមន៍ សារសម្លេងទាំងស្រុងខាងលើ ត្រូវ​បាន​បញ្ចេញ​តាម​ប្រព័ន្ធទូរស័ព្ទអចល័ត (ជាប់ជញ្ជាំង) សម្រាប់ជនជាប់ឃុំ​ប្រើប្រាស់​ស្របច្បាប់ កាលពីវេលាម៉ោង១៥ និង​៤៧នាទី រសៀល ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែតុលា ឆ្នាំ​២០២៣ ពីអគារ «ក» នៃមណ្ឌល​អប់រំកែប្រែទី១ ទៅកាន់ឈ្មោះ មាស សុភ័ក្រ្ត ដែលជា​ប្រធានស្តីទិ គណបក្សខ្មែរក្រោក ទូរស័ព្ទលេខ ០៨៧ ៣៣៣ ៣៦២ និង​ត្រូវ​បានឈ្មោះនេះថតទុក​ក្នុងពេល​សន្ទនា និង​យក​ទៅបង្ហោះ​ចែកចាយ​លើគណនីបណ្តាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

សម្រាប់ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារលើកឡើងថា នេះជាសកម្មភាព​ល្មើសច្បាប់ ដូចមានចែង​ក្នុង​ចំណុចទី៦ មាត្រា៦​ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និង​ជាសកម្មភាព​ល្មើសបទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដូច្នេះអគ្គនាយកដ្ឋានពន្ធនាគារ នឹងចាត់នូវវិធានការចាំបាច់រួមមាន៖

– ដាក់ពាក្យ​បណ្តឹង​ទៅ​កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​លើឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងឈ្មោះ មាស សុភ័ក្រ្ត ប្រធានស្តីទីគណបក្សខ្មែរក្រោក ករណីប្រើប្រាស់​សារសំឡេង និងរូបភាព​ទណ្ឌិត​ជាប់ទោស​ពីបទឧក្រិដ្ឋ ឬមជ្ឈឹមឱ្យ​ធ្វើ​សកម្មភាព​ដើម្បីជាប្រយោជន៍​នយោបាយ​សម្រាប់គណបក្សនយោបាយខ្លួន។

-​ សម្រេចដាក់ពិន័យជនជាប់ឃុំឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ឱ្យ​នៅ​ក្នុង​បន្ទប់ដាក់ពិន័យ ហាមប្រើប្រាស់​ប្រព័ន្ធទូរស័ព្ទអចល័ត និង​មិន​អនុញ្ញាតជួបសួរសុខទុក្ខ​ជាមួយ​ញាតិមិត្តខាងក្រៅ រយៈពេល​០២សប្តាហ៍ ចុះ​កំណត់ហេតុ​ល្មើស​បទបញ្ជាផ្ទៃក្នុង និង​បង្កើន​ចំណាត់ថ្នាក់សន្តិសុខ៕