ក្រោយពិនិត្យឃើញតំបន់មួយចំនួននៃ ស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យកម្ពស់ទឹកភ្លៀងមានការកើនឡើង មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានក្រើនរំឭកដល់ពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរនឹងបើកទ្វារទឹកទំនប់ចំនួន៣ផ្សេងគ្នាដើម្បីរំដោះទឹក។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តកណ្តាល បានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២៣ថា អាជ្ញាធរនឹងបើកទ្វារទឹក ទំនប់តាសាលចំនួន០៣ កម្ពស់(៣X០.៥ម)។ ទំនប់រលាំងជ្រៃបើកទ្វារទឹកចំនួន៥ កម្ពស់(១X២,៥ម), (២X២,០ម) និង(២X១,៥ម)។ ទំនប់៧មករា បើកទ្វារទឹកចំនួន០៤ កម្ពស់(៤ X២,៥ម) ដែលធារទឹកទាំងនេះ នឹងហូរធ្លាក់មកតំបន់ខាងក្រោម ដូច្នេះពលរដ្ឋនៅក្បែរតំបន់ទាំងនោះត្រូវបង្កើនការប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់។
ជាមួយគ្នានេះ បើតាម លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ថា ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់ចំណុចត្រៀមលក្ខណៈប្រុងប្រយ័ត្នរួមមាន៖«ស្ថានីយទំនប់តាសាល ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន១៩,៥០ម៉ែត្រ។ ស្ថានីយពាមឃ្លី ទឹកកម្ពស់៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ។ ស្ថានីយសំណង់រលាំងជ្រៃ ទឹកកម្ពស់៧,៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន៧,៥០ម៉ែត្រ និងនៅតំបន់ទីជម្រាលអាងស្ទឹងព្រែកត្នោត ក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី៥០មម ទៅ១០០មម(មីលីម៉ែត្រ) ដែលជាចំណុចត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស»។
បន្ថែមពីលើនេះ លោកក៏បានណែនាំ និងចាត់វិធានការដល់មន្ទីរ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធត្រូវធ្វើការជាប្រចាំ ត្រួតពិនិត្យបិទបើកទ្វារទឹកសម្រួលចរន្តទឹក និងបន្ធូរបរិមាណធារទឹកក្នុងស្ទឹងឱ្យសមស្របតាមស្ថានភាពជាក់ស្តែងទៅនឹងបរិមាណទឹកទទួលពីផ្នែកខាងលើ ដែលបាននឹងកំពុងបើកទម្លាក់មកជាបណ្តើរៗហើយ ដើម្បីជៀសវាងប៉ះពាល់ ឬធ្លាក់ក្នុងស្ថានភាពអាសន្នអាចបង្កហានិភ័យគ្រោះទឹកជំនន់ដល់ផ្នែកខាងក្រោមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល៕