សង្គម

ក្រុមហ៊ុនចិនគ្រោងសង់ផ្លូវរថភ្លើងធុនស្រាលចេញពីអាកាសយានដ្ឋានទាំងពីររបស់កម្ពុជា

ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្រ្តីកម្ពុជា​នៅ​ថ្ងៃអង្គារ (១៧ តុលា) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group លោក លី ខ័រ (Li Kuo) បានជម្រាបពីគម្រោងរបស់ក្រុមហ៊ុនក្នុងការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចេញពីអកាសយាន្តដ្ឋានអន្តរជាតិថ្មីទាំងពីរនៅកម្ពុជាគឺអាកាសយាន្ដដ្ឋានអន្តរជាតិសៀមរាប អង្គរ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដោយ​ខ្សែរថភ្លើងទាំងពីរនេះនឹងភ្ជាប់ពីអាកាសយានដ្ឋានទៅកាន់ទីក្រុងផ្ទាល់តែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ក៏នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានា ដែលក្រុមហ៊ុន China Metro Group កំពុងសិក្សានៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ ជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល ស្ពានអាកាស និងផ្លូវក្រោមដីជាដើម។

គួរឱ្យដឹងផងដែរថាអាកាសយាន្តដ្ឋានអន្តរជាតិអង្គរបានចាប់ផ្ដើមបើកដំណើរការជាផ្លូវការជាលើកដំបូងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមានចំងាយប្រមាណ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប ។ ដោយអ្នកដំណើរអាចធ្វើដំណើរតាមសេវាកម្មតាក់ស៊ីពីព្រលានទៅក្រុងសៀមរាបដោយចំណាយរថយន្តធុនតូចតម្លៃ ៣៥ដុល្លារមួយជើង ឡានក្រុងតូច ៤០ដុល្លារមួយជើង៕