សង្គម

កន្ទេលធំបន្លំដេកអើយ… ស្ថិតនៅជាអមតៈ ល្បែងភ្នាល់មាន់ជល់តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ នៅក្រោមភ្នែករដ្ឋអំណាចមូលដ្ឋាន ស្រុកកំពង់ត្រឡាច

បើតាមការបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង មានល្បែងច្រើនប្រភេទណាស់ តាមកញ្ចក់ទូរទស្សន៍ ដូចជា ៖ ឆ្នោតឡូតូ ដែលជាកន្ទេលធំ ល្បែងជល់មាន់ ជាដើមបន្លំដេកយ៉ាងរលូន នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាន។

ចំណែកទីតាំងល្បែងប្រភេទខុសច្បាប់តាមអនឡាញនោះ ស្ថិតនៅខាងកើតផ្សារសាលាលេខ៥ ក្នុងហាងកាហ្វេ១កន្លែង ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងបើកដំណើរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្ម មានខ្នងបង្អែកយ៉ាងរឹងមាំ ទើបបានជាគ្មានមន្ត្រីតូចតាចតាមមូលដ្ឋានណា ហ៊ានប៉ះពាល់ទីតាំងល្បែងទាំងនោះឡើយ។

ទីតាំងល្បែងខាងលើនេះ កំពុងកៀរគរក្រុមអ្នកញៀនល្បែង ឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកធ្មេចភ្នែក និងមានការបើកភ្លើងខៀវ ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ។

តាមប្រភពបានបង្ហើបទៀតថា ល្បែងអនឡាញជល់មាន់ខុសច្បាប់ ជ្រកក្រោមឆ្នោតឡូតូ នៅក្នុងមូលដ្ឋានខាងលើ គេសង្កេតឃើញដំណើរការបើកលេងយូរមកហើយ ព្រោះបានឡូតូស្របច្បាប់ជាកន្ទេលធំជួយលាក់បាំង ដោយមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទៅធ្វើការទប់ស្កាត់ឬបង្ក្រាបម្ដងណាឡើយ។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើ លោកនន សុីណាអធិការស្រុកកំពង់ត្រឡាច បានថ្លែងមកបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ថាលោកមិនដឹងទេថាមានការបើកលេងល្បែងសុីសង លោកដឹងត្រឹមថាល្បែងសុីប្រភេទ ឡូតូ គេមានច្បាប់អនុញ្ញាត និងមានអាជ្ញាបណ្ណត្រឹមត្រូវតែប៉ុណ្ណោះ លោកបន្តថាស្អែកលោកនិងអោយកម្លាំងព្រហ្មទណ្ឌចុះទៅពិនិត្យដល់ទីតាំង ព្រោះថ្ងៃនេះកម្លាំងជាប់រវល់ការពារមួយថ្ងៃទៀតបានចប់។

ស្ត្រីជាមេផ្ទះជាច្រើននាក់មានការព្រួយបារម្ភជាខ្លាំង ដោយសារតែកើតមានល្បែងស៊ីសងជាច្រើនប្រភេទបែបនេះហើយ ទើបប្ដី និងកូនចៅរបស់គាត់ អ្នកខ្លះមិនទៅធ្វើការរកស៊ីនោះទេ ដោយមួយថ្ងៃៗសំកុកនៅតែកន្លែងល្បែងទាំងនោះ លុះពេលលេងចាញ់មកផ្ទះវិញ គឺរករឿងឈ្លោះប្រកែកជាមួយប្រពន្ធនិងកូនទៀតផង។

ហើយការបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបែបនេះ អាចនឹងបង្កឲ្យកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ៖ ចោរលួច, ចោរឆក់, ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ ហេតុនេះហើយ បានជាពួកគាត់និយាយថា «ឯណាទៅភូមិ-ឃុំមានសុវត្ថិភាព ទាំង៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋានអនុវត្តកន្លងមកនោះ?»។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299