សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី១៧-១៨តុលា ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មូលបទចម្បងសម្រាប់កិច្ចប្រជុំនេះ គឺ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ បន្ថែមពីនេះ ក្រសួងការបរទេសបន្ថែមថា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវ ការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួមសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងអន្តរជាតិ។
ស្របជាមួយគ្នានោះ អំឡុងពេលចូលរួមវេទិកាសម្តេចធិបតីនឹងជួបពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេសដទៃទៀតផងដែរ៕