សង្គម

ទឹកជំនន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត​ខេត្តកំពង់ស្ពឺ

ចាប់តាំងពីព្រឹក​ថ្ងៃទី១៥ ខែតុលា ជំនន់ទឹកភ្លៀងបានហូរជន់​បណ្តាល​ឱ្យ​លិច​កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ​លេខ៤៥-៤៧-៤៨ ស្ថិត​នៅ​ក្នុងភូមិសាស្រ្ត​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងនោះ​ក៏​បណ្តាល​ឱ្យ​ជន់លិច​ភូមិ​មួយ​ចំនួនផងដែរ។

យ៉ាងណាក៏ដោយ ក្រោយ​ទឹកជន់​លិចកម្លាំងនគរបាលស្រុកគងពិសី បាននិងកំពុងចុះ​អន្ដរាគមន៍​ជួយពលរដ្ឋ​ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិអង្គសុគន្ធា, ភូមិអង្គរោង, ឃុំមហាឫស្សី និង ភូមិតាភោគ, ភូមិទួលត្បែង ឃុំព្រៃវិហា​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះអាជ្ញាធរខេត្តក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់នៅតំបន់ដែលរងផលប៉ះពាល់ មេត្ដាកុំទុកកូនតូច ឬមនុស្សចាស់ជរា​ នៅក្នុងផ្ទះ ហើយត្រូវសហការជាមួយអា​ជ្ញាធររាយការណ៍ពីទីតាំងដែលរងការជន់លិច ដើម្បីជួយអន្ដរាគមន៍​ មក​កាន់ទីទួលសុវត្ថិភាពជៀសវាងជួបហានិភ័យផ្សេងៗជាយថា​ហេតុណា​មួយ។

គួរជម្រាបថា យោងតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា បណ្តាខេត្តស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន និងភាគខាងកើតជាប់នឹងប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំផ្គរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៦០-៨០ភាគរយ។ ចំណែកឯ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៥០-៦០ភាគរយផងដែរ៕