ក្រសួងសុខាភិបាលបានប្រកាសព័ត៌មាននៅយប់ថ្ងៃទី៩ តុលា ថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត បានកើតលើកុមារីអាយុពីរឆ្នាំម្នាក់បណ្ដាលឱ្យស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ។ ករណីនេះកើតឡើងនៅភូមិឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តាមការសាកសួរបង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែល បានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ស្លាប់៤០នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹង» ជំងឺផ្តាសាយតាមរដូវកាលផងដែរ។
វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕