«ស្ពានឆ្លងទន្លេពីកោះពេជ្រ ទៅកោះនរា» ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះនរាជូនប្រជាពលរដ្ឋដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។
ក្រោយចប់ថ្ងៃភ្ជុំបិណ្ឌ អាជ្ញាធរនឹងផ្អាកបើកឱ្យចរាចរណ៍ ដើម្បីបន្តសាងសង់បញ្ចប់ទាំងស្រុង ហើយអាចនឹងបញ្ចប់ការសាងសង់នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ខាងមុខ។
ស្ពានកោះនរានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់សំណើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះពេជ្រទៅកោះនរា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ពាននេះមានប្រវែង ៨៤៤ម ទទឹង ២៤,៥០ម មាន ២គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ។
ស្ពានកោះនរានេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន។ ក្រោយបញ្ចប់សាងសង់ស្ពានមួយនេះ រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន២បន្ថែមទៀតនៅរាជធានីភ្នំពេញ គឺមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពាននៅម្តុំចាក់អង្រែឆ្លងទៅព្រែកប្រា៕