សង្គម

លោក យឹម សំណាង និងលោកមេធាវី ឡុង បញ្ញាវុឌ្ឍ ចេញលិខិតបំភ្លឺនិងឆ្លើយតបជូន លោក ហ៊ាង ប៊ុនថា ស្ថាបនិកបណ្តាញសារព័ត៌មាន The Mirror News

បន្ទាប់ពីមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន The Mirror News កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ថា «ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិសាមគ្គីមានជ័យ ករណីអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តស្ងាត់ៗមិនជូនដំណឹងទៅប្រជាពលរដ្ឋ តែបែរជាហៅមេធាវីភាគីម្ខាងទៀតឱ្យមកចូលរួម!»។

លោក យឹម សំណាង អាយុ ៦០ឆ្នាំ សញ្ញាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅ ភូមិមានជ័យ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោកមេធាវី ឡុង បញ្ញាវុឌ្ឍ តំណាងដោយអាណត្តិឲ្យលោក យឹម សំណាង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣បានចេញលិខិតបំភ្លឺ និងឆ្លើយតបគោរពជូន លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងជាស្ថាបនិកបណ្តាញសារព័ត៌មាន The Mirror News ថា លោកបានកាន់កាប់ដីទំហំ ៤៤.៨៨៨ ម៉ែត្រការ៉េ (៤.៤៨ ហិចតា) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ប.ជ. ០០១៨២០ (CVIII ០៤៧១) ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ចេញដោយនាយកដា្ឋនសុរិយោដី ហើយត្រូវបានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចទទួលស្គាល់សិទ្ធិជាកម្មសិទ្ធិ និងអនុញ្ញាតឱ្យចុះបញ្ជីបំពេញបន្ថែមធ្វើប្លង់កម្មសិទ្ធិ (L-MAP) ដូចមានក្នុងលិខិតលេខ ១០២៦ ដនស/អសដក ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងលិខិតបំភ្លឺលោក យឹម សំណាង បានអះអាងថា ក្នុងពេលលោកកំពុងកាន់កាប់ដីនេះ ក៏មានប្រជាពលរដ្ឋមួយចំនួនចូលមកទន្ទ្រានកាន់កាប់ដីរបស់លោក ឬ ធ្វើការទិញ- លក់ដី ពីជនអនាធិបតេយ្យលើដីរបស់លោកក្នុងអំឡុងឆ្នាំ២០០៤ ដោយបំភាន់ថាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់លោកត្រូវបានលុបចោល លិខិត ៦២ សជណឧស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិត ៦២ សជណឧស មានខ្លឹមសារផ្ដល់សិទ្ធិកាន់កាប់ គ្របគ្រង់ធ្វើកម្មសិទ្ធិលើដីលំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន ៥៨៩ គ្រួសារទំហំដី១០៥ហិចតាពីក្បាលដីលោក ថាច់ ថៃ (ថាច់ អៃ) ដល់ត្រឹមក្បាលដីលោក ម៉ាន់ ណូរី (ម៉ាត់ ណូរី) តែ ប៉ុណ្ណោះ ឬ អាចនិយាយបានថា មោឃភាពប័ណ្ណកម្មសិទ្ធិពីដីលោក ថាច់ ថៃ (ថាច់ អៃ) ដល់ត្រឹមក្បាលដីលោក ម៉ាន់ ណូរី (ម៉ាត់ ណូរី) តែប៉ុណ្ណោះដែលមិនជាប់ពាក់ព័ន្ធលើដីរបស់លោកឡើយ។ តាំងពីឆ្នាំ២០០៥ មក តាមរយៈមេធាវី នី ចាន់ឌី និងលោកមេធាវី អ៊ន ហ៊ីង (ជាអ្នកតំណាងលោកមេធាវី នី ចាន់ឌី) ដែលជាមេធាវីរបស់លោកដែលជាម្ចាស់បណ្ណទាំង៣៤ក្បាលដី បានធ្វើសកម្មភាពស្របច្បាប់ដោយធ្វើការតវ៉ា និងសកម្មភាពបណ្ដឹងជាបន្តបន្ទាប់ រួមទាំងធ្វើសំណើទៅអាជ្ញាធរពាក់ពន្ធ័ “សុំបញ្ឈប់ការបញ្ជាក់លើឯកសារទាំងឡាយដែលទាក់ទង និងការទិញ-លក់ បញ្ចាំ ផ្ទេរសិទ្ធិ ឬធ្វើអំណោយ ដីត្រង់ចំណុចព្រៃព្រិចក្នុងភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(បច្ចុប្បន្នភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ)”។

លោក យឹម សំណាង បានបន្តថា ដើម្បីការពារប្រយោជន៍ស្របច្បាប់ក្នុងនាមជាម្ចាស់កម្មសិទ្ធិ លោកបានធ្វើបណ្តឹងតវ៉ាអំឡុងពេលបិទផ្សាយ និងធ្វើសកម្មភាពតាមផ្លូវតុលាការ មានដូចជា៖ សំណុំរឿងរក្សាការពារលេខ ៩៨ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ សំណុំរឿងរដ្ឋប្បវេណីលេខ ៨៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ សំណុំរឿងព្រហ្មទណ្ឌលេខ ២១៧ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ សំណុំរឿងព្រហ្មទណ្ឌលេខ ១១១៧ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកន្លងមក លោកបានព្យាយាមធ្វើការសម្របសម្រួលជួបដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងកាន់កាប់លើទីតាំងដីរបស់លោក ហើយក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារបានសះជា និងដោះស្រាយបញ្ចប់ជាមួយលោកក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ លើកលែងតែគ្រួសារលោក ឈរ ស៊ុនលី និងបក្ខពួកមួយចំនួនតូចមិនព្រមសះជា។ ក្បាល់ដីសរុបដែលមានវិវាទលើដីរបស់លោកមានចំនួន៧០ក្បាលដី មានក្បាលដីចំនួន៤០ក្បាល (ទំហំដីសរុបដែលបានសះជាមានទំហំ ២៥.០១៦ ម៉ែត្រការ៉េ) នៃទំហំដីសរុប ៤៤.៦២៩ ម៉ែត្រការ៉េ។ ដីដែលមិនទាន់បាន សះជាមានទំហំប្រហែល ១៩.៦១៣ ម៉ែត្រការ៉េ ។ តែបើកាត់ផ្លូវផ្សេងៗ ដែលមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យបានពុះរៀបចំធ្វើផ្លូវលើដីរបស់លោក គឺដីដែលនៅសល់មានចំនួន១ហិកតាជាងតែប៉ុណ្ណោះ។

នៅក្នុងលិខិតខាងលើ លោក យឹម សំណាង បានគូសបញ្ជាក់បន្ថែមថា ដីដែលកំពុងមានវិវាទមានចំនួន១ហិកតាជាងនេះ គឺដីរបស់លោក ឈរ ស៊ុនលី មានចំនួនជិត១ហិកតាបាត់ទៅហើយ។ លោកបន្តថា ដោយមើលឃើញពីតម្រូវការចាំបាច់ ក្នុងនាមលោកជាម្ចាស់ដី លោកបានធ្វើការសះជា និងយល់ព្រមសម្បទានដីជូនរដ្ឋ។ ហើយលោកបានសះជាដោះស្រាយបញ្ចប់ជាមួយប្រជាពលរដ្ឋក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ហើយលោកនិងប្រជាពលរដ្ឋក៏បានដាក់ពាក្យស្នើសុំឲ្យតុលាការសម្រេចរុះរើរបងនិងបើកផ្លូវ ដើម្បីធ្វើជាប្រយោជន៍សាធារណៈលើដីទំហំ ១០ ម៉ែត្រ x ១១០ ម៉ែត្រ (ដែលជាផ្នែកមួយនៃផ្លូវ ១០ ម៉ែត្រ x ៤៥០ ម៉ែត្រ និងជាផ្លូវបណ្ដោះអាសន្នចាក់ថ្មមិច) ដើម្បីឈូសឆាយធ្វើជាផ្លូវភ្ជាប់ពីភូមិសាមគ្គីមានជ័យទៅភូមិអូរឬស្សី ដែលមានផ្លូវមេបេតុងទំហំ ១២ ម៉ែត្រ។

ទន្ទឹមនោះ លោក យឹម សំណាង បានអះអាងថា លោកនៅតែបង្ហាញជំហរក្នុងការដោះស្រាយសះជាបញ្ចប់វិវាទជាមួយគ្រួសាររបស់លោក ឈ ស៊ុនលី ក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ផងដែរ៕