សង្គម

កម្ពុជាអំពាវនាវឱ្យអ៊ីស្រាអែល និង​ប៉ាឡេស្ទីន អនុវត្តការអត់ធ្មត់ និងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់

Palestinian inspect a mosque destroyed in Israeli strikes in Khan Younis, in the southern Gaza Strip, October 8, 2023. REUTERS/Ibraheem Abu Mustafa

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីអនុវត្តការអត់ធ្មត់ និងស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់។

១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវសេចក្តីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្តាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។

២. ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរក មធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជា សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម ។

៣. កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាព ស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

៤. កម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា៕

Palestinian inspect a mosque destroyed in Israeli strikes in Khan Younis, in the southern Gaza Strip, October 8, 2023. REUTERS/Ibraheem Abu Mustafa