ការសិក្សាថ្មីមួយបានរកឃើញថា ដីសណ្តទន្លេមេគង្គអាចនឹងបាត់អស់ដីខ្សាច់ត្រឹមមុនឆ្នាំ២០៣៥ ដោយសារការបូមយកខ្សាច់ពីដងទន្លេមួយនេះ មានច្រើនសន្ធឹកជ្រុលពេក។ ការសិក្សាបានរកឃើញថា បច្ចុប្បន្នមានខ្សាច់ចន្លោះពី៣៥ទៅ៥៥លានម៉ែត្រគូប ត្រូវបានគេបូមយកក្នុងមួយឆ្នាំៗ។
ការសិក្សាដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF ប្រចាំប្រទេសវៀតណាមបាននិយាយថា បរិមាណខ្សាច់ដែលហូរចុះទៅកាន់តំបន់ដីសណ្តទន្លេមេគង្គកាលពីឆ្នាំមុនមានបរិមាណតិចជាងលានម៉ែត្រគូប។ ចំនួននេះ គឺមានទាបជាងបរិមាណជាមធ្យមដែលខ្សាច់ធ្លាប់ហូរចុះចន្លោះពី៦,៨ទៅ៧លានម៉ែត្រគូប កាលពីប៉ុន្មានឆ្នាំមុន។ ការណ៍នេះ គឺដោយសារការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ផ្នែកខាងលើនៃទន្លេមេគង្គ។ បន្ថែមពីលើនេះខ្សាច់ចន្លោះពី៣៥-៥៥លានម៉ែត្រគូប ត្រូវបានគេបូមយ៉ាងគគ្រឹកគគ្រេងចេញពីទន្លេ។
អ្នកជំនាញ និងជាអ្នកស្រាវជ្រាវមួយរូបរបស់ WWF បានបង្ហាញក្នុងការសិក្សានោះថា ខ្សាច់បានបាត់បង់អស់៤២លានម៉ែត្រគូប លើសពីកម្រិតគ្រោះថ្នាក់របស់វា។ ក្នុងន័យនេះ គេត្រូវបំពេញខ្សាច់ទាំងជាង៤២លានម៉ែត្រគូប ឬលើសនេះបន្តិចបន្តួចមកវិញ បើមិនចង់ឱ្យមានការបាក់ស្រុត។ ប្រសិនបើល្បឿននៃការបូមបន្តមានខ្លាំងដូចបច្ចុប្បន្ន នោះខ្សាច់ដែលនៅសេសសល់ អាចទប់ទល់បានប្រហែលត្រឹមឆ្នាំ២០៣៥។
បើយោងតាមការសិក្សា ខ្សាច់បម្រុងទុកមានប្រមាណសរុប ៣៦៧-៥៥០ លានម៉ែត្រគូប ដែលកកើតឡើងរាប់រយឆ្នាំមកហើយ។ វាធានាបាននូវស្ថិរភាពនៃលំហូរទឹកនៅក្នុងទន្លេមេគង្គទាំងមូល។ គិតត្រឹមឆ្នាំមុន ដីសណ្ដទម្លេមេគង្គមាន៥៩៥ទាំងតាំង បូមខ្សាច់ត្រូវបានបំផ្លាញលាតសន្ធឹងជិត៥៨៣គីឡូម៉ែត្រតាមដងទន្លេ ក្នុងនោះត្រឹមទន្លេ២២២គីឡូម៉ែត្រ មានទីតាំងបូមដល់ទៅ៤៨កន្លែង។
ក្រុមអ្នកស្រាវជ្រាវបន្តរកឃើញទៀតថា ប្រសិនបើដីខ្សាច់ត្រូវបូមរហូតដល់អស់ នោះជម្រៅទឹកទន្លេនឹងកើនឡើងពី០,៥ទៅ១ម៉ែត្រ ដែលបណ្តាលឱ្យផ្ទៃដីពី១៨០-២០០ពាន់ហិកតា រងផលប៉ះពាល់ពីជាតិប្រៃ និងការបាក់ស្រុត។ ការសិក្សានេះមិនត្រូវបានរាប់បញ្ចូលសកម្មភាពលួចបួមខ្សាច់នៅពេលយប់នោះទេ ពោលគឺគេបានប្រើរូបភាពផ្កាយរណប ដើម្បីកត់ត្រាសកម្មភាពនៃកប៉ាល់បូមខ្សាច់ចន្លោះពីម៉ោង៧ព្រឹក ដល់៥ល្ងាច។
សូមជម្រាបថា ការសិក្សារបស់អង្គការ WWF ប្រចាំប្រទេសវៀតណាម គឺជាផ្នែកមួយនៃគម្រោងមួយដែលមានឈ្មោះថា «Drifting Sands កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេមេគង្គ» តាមរយៈការចូលរួមរបស់វិស័យសាធារណៈ និងឯកជននៅក្នុងឧស្សាហកម្មខ្សាច់ ដែលត្រូវបានផ្តល់មូលនិធិដោយគំនិតផ្តួចផ្តើមអាកាសធាតុអន្តរជាតិ៕