យោងតាមសារព័ត៌មាន The Nation Thailand ឱ្យដឹងថា នាល្ងាចថ្ងៃទី៣ ខែតុលា មានករណីផ្ទះអាវុធ បាញ់ប្រហារនៅផ្សារទំនើប Siam Paragon បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ ដោយចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់។ ក្នុងហេតុការណ៍នេះដែរ មនុស្ស ៣នាក់ត្រូវបានសម្លាប់ ខណៈ ៧នាក់ផ្សេងទៀតបានរងរបួស។
ក្រោយហេតុការណ៍បាញ់ប្រហារពីសំណាក់ជនសង្ស័យជាអនីតិជនវ័យ១៤ឆ្នាំនៅផ្សារផារ៉ាហ្កន នៃទីក្រុងបាងកក នាយករដ្ឋមន្ត្រីថៃ លោកស្រឹត្ថា ថាវិស៊ីន បានសម្ដែងមរណទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារជនរងគ្រោះចំនួន២នាក់។ លោកដឹងថានៅក្នុងចំណោមនោះ ម្នាក់ជាអ្នកទេសចរជនជាតិចិន និងម្នាក់ទៀតជាជនជាតិភូមា។ លោកសន្យាថា នឹងផ្ដល់ការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងសម្ភារៈសម្រាប់គ្រួសារជនរងគ្រោះ។
សមត្ថកិច្ចបានកែសម្រួលតួលេខអ្នកស្លាប់ឡើងវិញដែលក្រុមអ្នកសង្គ្រោះបន្ទាន់ថា ស្លាប់ដល់បីនាក់ តាមពិត ស្លាប់ចំនួន២នាក់ដែលជានារី។ ក្រៅពីនេះ មនុស្ស៥នាក់រងរបួស។
ជនសង្ស័យត្រូវសមត្ថកិច្ចចាប់បញ្ជូនប៉ុស្តិ៍នគរបាលដើម្បីសួរចម្លើយ ប៉ុន្តែសមត្ថកិច្ចសង្កេតឃើញថាជនសង្ស័យមានអារម្មណ៍វិលវល់ និងច្របូកច្របល់ខ្លាំងមែនទែន។ ទោះបីសមត្ថកិច្ចចង់សួរនាំគាត់ក៏មិនកើត។ គាត់គ្រាន់តែនិយាយប្រាប់ត្រួសៗថាមុនពេលបាញ់ប្រហារនោះ, គាត់ស្ដាប់ឮសំឡេងមនុស្សខ្សិបដាក់ត្រចៀកថា «ត្រូវតែកេះកៃកាំភ្លើងបាញ់មនុស្សភ្លាមទៅ»។ ក្មេងប្រុសនេះធ្លាប់ព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យរាជាវិថី (Rajavithi)។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គាត់ខានលេបថ្នាំសរសៃប្រសាទ។ សមត្ថកិច្ចមិនធ្វើអត្ថាធិប្បាយលម្អិតពេកទេនៅក្នុងរឿងនេះព្រោះជនសង្ស័យជាអនីតិជន។
តាមរយៈវីឌីអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម, គេឃើញក្មេងប្រុសដែលទុកសក់វែង ពាក់អាវខ្មៅ ពាក់វ៉ែនតា ពាក់មួកកន្តិបមានរូបទង់ជាតិអាមេរិក ត្រូវសមត្ថកិច្ចនាំខ្លួនទៅកន្លែងឃុំឃាំង។ ក្រោយពេលបាញ់ប្រហារនោះ ជនសង្ស័យក៏លើកដៃឱ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល។ វីឌីអូឃ្លីបដែលទាញចេញពីកាមេរ៉ាសុវត្ថិភាពបង្ហាញរូបជនសង្ស័យលុតជង្គង់ចុះនៅលើកម្រាលឥដ្ឋ។ សមត្ថកិច្ចក៏ដើរមួយៗតម្រង់ទៅរកជនសង្ស័យដើម្បីចាប់ខ្លួន និងរឹបអូសបានកាំភ្លើងខ្លី១ដើម។
អគ្គស្នងការនគរបាលជាតិថៃ ឧត្ដមសេនីយ៍ថស័ក្ដិ (Torsak) ថ្លែងថាជនសង្ស័យរូបនេះមានសិទ្ធិមួយចំនួន រួមទាំងសិទ្ធិជាអនីតិជនផងដែរ។ ដូចនេះ ជនសង្ស័យមានសិទ្ធិឱ្យគេសួរចម្លើយ លុះត្រាតែមានអ្នកប្រឹក្សាម្នាក់នៅក្បែរខ្លួន។ សមត្ថកិច្ចបានចុះឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ និងរកឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ នៅក្នុងចំណោមនោះ, មានគ្រាប់កាំភ្លើងខ្លីម៉ាកកា៤៩ចំនួន៩គ្រាប់ និងសម្បកគ្រាប់កាទុសដែលបាញ់រួចហើយចំនួន១៥គ្រាប់។ នៅពេលសមត្ថកិច្ចឆែកមើលទូរស័ព្ទដៃរបស់ជនសង្ស័យ, ពួកគេរកឃើញវីឌីអូឃ្លីបមួយចំនួនដែលបង្ហាញរូបជនសង្ស័យហាត់ប្រើប្រាស់កាំភ្លើង៕