សង្គម

ផ្ទះពលរដ្ឋជាង ៦ពាន់ខ្នង និងដំណាំស្រូវដំណាំរួមផ្សំរាប់ម៉ឺនហិកតា រងផលប៉ះពាល់ដោយសារទឹកជំនន់នៅបាត់ដំបង

ផ្ទះពលរដ្ឋចំនួន ៦ ០៦៧ខ្នងផ្ទះ ដំណាំស្រូវ ៣ ០៣៤ហិចតា ដំណាំរួមផ្សំ ១ ៧៣២,៥០ហិចតា សាលារៀន១៥ រងការជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ក្នុងនោះប្រជាពលរដ្ឋចំនួន ២០០គ្រួសារត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក្រុងស្រុកចំនួន៩ នៅខេត្តបាត់ដំបងរងផលប៉ះពាល់ ក្នុងចំណោមក្រុងស្រុកទាំង៩ គឺមានស្រុកឯកភ្នំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដោយឡែកនៅក្នុងស្រុករតនមណ្ឌល មានករណីមនុស្សម្នាក់បានលង់ទឹកស្លាប់។

កាលពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើគ្រប់ ១៤ក្រុង-ស្រុក បណ្តាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែ និងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ បណ្ដាលឱ្យមានទឹកជំនន់លិចប៉ះពាល់ចំនួន៩ ក្រុងស្រុក ក្នុងចំណោម១៤ ក្រុង-ស្រុក។ តែយ៉ាងណាស្ថានភាពទឹកជំនន់ក៏បានវិលមកភាពប្រសើរឡើង ហើយក៏មានពលរដ្ឋបានវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ។

រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ បង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវត្រៀមរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព៕