ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់បន្តទៀតក្នុងកម្រិតខ្សោយទៅមធ្យម និងតំបន់ខ្លះកម្រិតតិច ទៅបង្គួរ រហូតដល់ថ្ងៃទី៤តុលា។
ក្រសួងធនធានទឹក បានអះអាងថា៖«ប្រព័ន្ធសម្ពាធទាប (ITCZ)នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu”នៅមហាសមុទ្ទប៉ាស៊ីហ្វិកកំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុងនៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តឆ្ពោះមកលិច [ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ]»។
ស្ថានភាពបែបនេះ ធ្វើឱ្យបណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពីចន្លោះ៤០ទៅ៦០ភាគរយ។ ដោយឡែក រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្ទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីចន្លោះ៦០ទៅ៨០ភាគរយ៕