ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
បើតាមក្រសួងកសិកម្ម ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។
គួរសជម្រាបថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជា បានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុងទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២។ បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រ។