ទីបំផុតទៅក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី ដែលមានតំណាងសមាជិកពីកម្មករនិយោជិត, តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល បានបោះឆ្នោត កំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ ឆ្នាំ២០២៤ ក្នុងតួលេខ ២០២ដុល្លារអាមេរិក រួមជាមួយការបន្ថែម២ដុល្លារពីសម្តេចនាយករដ្ឋមន្រ្តី ធ្វើឱ្យកើនដល់ ២០៤ដុល្លារអាមេរិក។
ដូច្នេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធ និងចំនួន ២០២ដុល្លារអាមេរិកក្នុងមួយខែចំពោះកម្មករនិយោជិតសាកល្បង។