រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង១២០ម៉ែត្រ ស្ថានភាពបែបនេះ មិនអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ដូចនេះ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ស្រុត រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតនៅក្នុងភូមិស្ទឹងឆាយខាងត្បូង ស្រុកកំពង់សីលា ចាប់ពីម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់មានការជូនដំណឹងជាថ្មី។
យ៉ាងណាក៏ដោយ បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុងករណីបងប្អូនប្រជាពលរដ្ឋម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅ និងមកកាន់ខេត្តព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣វិញ៕