សង្គម

នាយករដ្ឋមន្រ្តីថៃ មកបំពេញ​ទស្សនកិច្ច​កម្ពុជា នៅថ្ងៃទី២៨ កញ្ញា

ក្រសួងការបរទេស​កម្ពុជា​បាន​ឱ្យដឹងថា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​ថៃ លោក សេដ្ឋា ថាវីស៊ីន នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​លើកដំបូង នៅ​កម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២៣។

ក្នុងដំណើរទស្សនកិច្ចនោះ នាយករដ្ឋមន្រ្តីថៃ នឹង​ជួបជាមួយ​នាយករដ្ឋមន្រ្តីកម្ពុជា ដោយ​កំណត់ទិសដៅសកម្មភាព​ដើម្បីធ្វើ​ឱ្យ​កាន់តែស៊ីជម្រៅ និង​ពង្រឹងបន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក ក្នុងក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី។

ភាគីទាំងពីរ​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈស្តីពីបញ្ហា​តំបន់ និង​អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ​នឹង​ធ្វើការ​ប្រគល់​ទទួលនូវ «មជ្ឈមណ្ឌលសំចត និង​ស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ​ដោយ​អំពើជួញដូរ​មនុស្ស និង​ក្រុមជនងាយរងគ្រោះដទៃ​ទៀត» ដែល​មានទីតាំង​ស្ថិត​នៅក្រុងប៉ោយប៉ែត ដែលជា​គំនិត​ផ្តួចផ្តើម នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

ក្រសួងការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា ដំណើរទស្សនកិច្ច​ផ្លូវ​ការ​លើកដំបូង​របស់​នាយករដ្ឋមន្រ្តីថៃមក​កម្ពុជា នឹងពង្រឹងបន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជាប្រពៃណី និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុវិស័យ រវាង​ប្រទេស​ទាំងពីរ ស្រប​តាម​ស្មារតី នៃ «ការ​ពង្រឹង​ភាពជាដៃគូ​ដើម្បីសន្តិភាព និង​វិបុលភាព» ដែលផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​រួមចំណែក​ដល់​ការ​លើក​កម្ពស់សន្តិភាព ស្ថិរភាព និង​វិបុល​ភាពក្នុងសហគមន៍​អាស៊ាន និ​ងអន្តរជាតិ៕