សង្គម

អាជ្ញាធរអប្សរា ថា មិន​មានការ​ហាមឃាត់​ចំពោះ​ការ​ថតរូបភាព ឬវីដេអូ ជាអនុស្សាវរីយ៍ ឬ​លក្ខណៈទេសចរណ៍​ដើម្បីផ្សព្វផ្សាយ សិល្បៈ និង​វប្បធម៌ ឱ្យ​ពិភពលោក​បានស្គាល់

អាជ្ញាធរ​អប្សរា ដែលគ្រប់គ្រងរម្យណីយដ្ឋានអង្គរវត្តបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់ខ្លួន​កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា ជាគោលការណ៍អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ដើម្បីផ្សព្វផ្សាយ សិល្បៈ និងវប្បធម៌ ឱ្យពិភពលោក បានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏ អស្ចារ្យរបស់កម្ពុជា។

ជាក់ស្ដែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយ នៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្តាញសង្គម ជាច្រើនផ្សេងទៀត រួចមកហើយ។

ដោយឡែក ក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គង ដោយអចេតនាកើតចេញ ពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃ នៃប្រាសាទបុរាណ មរតកមិនអាច កាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិ អប្សរា ចំពោះគោលបំណងមួយចំនួន ដូចមានបញ្ជាក់ជូនខាងក្រោម ដើម្បីអនុញ្ញាតឱ្យ មន្ដ្រីជំនាញ មានលទ្ធភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារ ផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម៖

* ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។
* ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្រប នៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះ មិនមានការបង់ប្រាក់នោះទេ។
* ការថតវីដេអូផ្សាយបន្តផ្ទាល់ ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានា តាមប្រព័ន្ធអនឡាញ ជូនទៅអតិថិ ជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់នោះទេ។

អាជ្ញាធរអប្សរាបញ្ជាក់ថា រាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាទំនាក់ទំនងមក មជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរ ជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញ ក្នុងរយៈពេលប្រាំ (៥) ថ្ងៃ នៃថ្ងៃធ្វើការងារ យ៉ាងយូរ៕