ក្រសួងសុខភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការផ្ទុះករណីជំងឺភ្នែកក្រហម ចំនួន ៩៣ករណី នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រសួងថា ករណីនេះកើតឡើងដោយសារមានករណីដំបូងដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញា ទៅបុណ្យសពបងប្អូននៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់នឹងភូមិប៉ក់តូចនេះ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា មន្រ្តីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មន្រ្តីក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្រ្តីក្រុមឆ្លើយតបបន្ទាន់ការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
រោគសញ្ញាជំងឺភ្នែកក្រហមរួមមាន នៅផ្នែកស នៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹក មានហូរទឹកភ្នែកច្រើនជាងមុន ដោយសារមានការកើនឡើងនូវការផលិតទឹកភ្នែក រកាំភ្នែកដោយសារមានអារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង ឬក្រហាយភ្នែក មានអារចម៌ភ្នែក ចុកគ្រាប់ភ្នែក។ល។
យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី៧ ទៅ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។ តែក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ៣សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។
ការឱ្យថ្នាំបន្តក់ ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ ជំងឺភ្នែកក្រហមបង្កឡើងដោយសារធាតុអាលែហ្សេន ។ ថ្នាំអាឡែហ្ស៊ី និងថ្នាំបន្តក់ភ្នែកមួយចំនួន ក៏អាចផ្តល់នូវការធូរស្រាលពីជំងឺផងដែរ៕