សង្គម

ក្រសួងវប្បធម៌បញ្ជាក់ថា ករណីសំណង់ប្រាសាទនៅវត្តភូម៉ានហ្វា ប្រទេសថៃ ក្រសួងនៅតែបន្តនីតិវិធីដោះស្រាយ​តាមជំនាញ និង​ការ​ទូត

ក្នុងរយៈពេល​ប៉ុន្មានថ្ងៃមកនេះ មហាជនខ្មែរជាច្រើនបានបង្ហាញអារម្មណ៍មិន​ពេញចិត្ត​ចំពោះវត្តភូម៉ានហ្វា ស្ថិត​នៅ​ក្នុង​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែលបានសង់សំណង់ ព្រមជាមួយ​ក្បាច់រចនា​ស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ដោយពេលបច្ចុប្បន្ន​បានសាង់សង់បន្ថែមជាច្រើន​ និងទាមទារ​ឱ្យ​ក្រសួងវប្បធម៌​កម្ពុជា​មានវិធានការ។

យ៉ាងណាក៏ដោយ​នៅ​រសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ​២០២៣នេះ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដោយថា ពាក់ព័ន្ធករណី នៃការ​សាងសង់សំណង់​នៅវត្ត​ភូម៉ានហ្វា ក្នុង​ខេត្ត​បុរីរម្យ ក្រសួងវប្បធម៌​បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង​លើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុម​ការងារជំនាញ​តាមដាន​ជា​ប្រចាំ​តាំងពីដើមរៀងមក ពោល​គឺចាប់តាំង​ពីករណីនេះបានផ្ទុះ​ឡើង​នាអំឡុង​ឆ្នាំ​២០២១មក​ម្ល៉េះ។

ក្រសួងវប្បធម៌បញ្ជាក់ថា ចំណាត់ការកន្លងមក​ដែលក្រសួងបានធ្វើ គឺផ្តោត​លើ​សកម្មភាពទំនាក់ទំនង​ការទូតរវាង​ក្រសួងវប្បធម៌ និង​ភាគីថៃ (ស្ថានទូត​ថៃប្រចាំ​កម្ពុជា និង​ក្រសួងវប្បធម៌ថៃ) ដោយ​បានបញ្ជូន​អ្នក​សិក្សា​ស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យ​ទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែ​ស្ថានភាពនៅពេលដែលអ្នក​ជំនាញ​ចុះទៅ បានពិនិត្យ​ឃើញថា សំណង់​នៅ​មិន​ទាន់​មានការ​សាងសង់បន្ថែម​នៅ​ឡើយ។

បើតាម​ក្រសួងវប្បធម៌ ករណីនៃការ​បញ្ជូន​អ្នក​ជំនាញ​ចុះ​ត្រួតពិនិត្យ​ និង​ចរចា គឺមានជំហរច្បាស់លាស់​ក្នុងការ​ទប់ស្កាត់​នូវ​រាល់ទង្វើ​ទាំងឡាយ​ណា​ដែល​បានចម្លង​អត្តសញ្ញាណជាតិរបស់យើង ដោយផ្អែក​ទៅលើ​សកម្មភាពការ​ទូត ការងារ​ផ្ទៀងផ្ទាត់​បែបបច្ចេកទេស ការងារ​ចុះ​ពិនិត្យ​ទីតាំងផ្ទាល់ និង​ការ​ងារ​ផ្លូវ​ច្បាប់ជាតិ និង​អន្តរជាតិ​ក្នុងករណី​ដែលត្រូវ​ប្រកាន់យក។

ទោះយ៉ាងណា​ចំពោះករណីនេះ ក្រសួងបានបញ្ជាក់ជាថ្មីថា ក្រុមការងារ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​តែបន្ត​នីតិវិធីដោះស្រាយ​តាម​ជំនាញ និង​ការ​ទូត ហើយ​ក្រសួង​ក៏ថ្លែង​អំណរគុណ​ចំពោះទឹកចិត្ត​ស្រឡាញ់ ការ​គាំទ្រ​មោះមុត​របស់បងប្អូនប្រជាពលរដ្ឋ និង​ការ​ចូលរួមផ្តល់ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​ដែលជា​ជំនួយ​ដ៏​សំខាន់​សម្រាប់​កិច្ច​ការ​អភិរក្ស​បេតិកភណ្ឌ​ដ៏​ថ្លៃថ្លា​របស់កម្ពុជា៕