សង្គម

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline ស្លាប់ ក្រោយមានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាប

មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគេឃើញសាកសពមនុស្សម្នាក់ធ្លាក់មកពីជាន់ទី៣៧ កាលពីវេលាម៉ោង៦ព្រឹកត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងតាមបណ្តោយផ្លូវបេតុង នៃបន្ទប់ជួលលេខ៣៧០២ ជាន់ទី៣៧ ផ្លូវ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់មេសន្តិសុខ អគារ the SkyLine នៅវេលាម៉ោងកើតហេតុខាងលើ មានកងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀនមួយនៅបន្ទប់កើតហេតុ។ ពេលនោះ ជនសង្ស័យ បានព្យាយាមគេចឆ្លងតាមបង្អួចរបូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមប្រភពព័ត៌មាន ជនសង្ស័យដែលស្លាប់នេះ ជាសមត្ថកិច្ចនឹងជាអធិការរងខណ្ឌព្រែកព្នៅផងដែរ។

បច្ចុប្បន្ន កម្លាំងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តកោសល្យវិច័យនៃនគរបាលរាជធានីភ្នំពេញ បានរៀបចំវេចខ្ចប់សពទុកឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕