ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃនេះ បានធ្វើការក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឲ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ក្រសួងបានស្នើដល់ម្ចាស់កម្មសិទ្ធយានយន្ត សូមរួសរាន់ដាក់ពាក្យស្នើសុំឲ្យបានទាន់ពេលវេលា។
តើដើម្បីផ្ទេរកម្មសិទ្ធិយានយន្តត្រូវមានឯកសារអ្វីខ្លះ?
::: ចំពោះឯកសារតម្រូវ៖
– ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត
– បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)
– បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត
– លិខិតទិញលក់
– កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។
សម្រាប់ទីតាំងដែលត្រូវស្នើសុំ គឺ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ។
ដូច្នេះ ប្រសិនបើបងប្អូនមានចម្ងល់ អាចទាក់ទងទៅកាន់មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ តាមរយៈលេខទូរស័ព្ទ 1275 ៕