សង្គម

វរសេនីយ៍ទោ ហេង ហាប់ ដែលធ្លាប់មានប្រវត្តិលួច iPad ត្រូវ​ដកហូតពីតំណែងស្នងការរងខេត្តកំពត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃម្សិលមិញនេះ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរងនៃស្នងការដ្ឋាន នគរបាលខេត្តកំពតឱ្យមកជាមន្ត្រី ។

ចំពោះមូលហេតុត្រូវបានបានបញ្ជាក់ថា ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

សូមបញ្ជាក់ថា ការ​ដកហូត​តំណែង​វរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរងខេត្តកំពតនេះ គឺធ្វើ​ឡើង​ក្រោយ​ពីមានការរិះគន់ពីមហាជន ខណៈ​ដែលវរសេនីយ៍ទោរូបនេះ ធ្លាប់​មានប្រវត្តិបន្លំយក iPad ពីហាងលក់ទូរស័ព្ទមួយ​កន្លែងនៅ​ក្រុងកំពតកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែនៅពេលថ្មីៗនេះ បែរជា​ត្រូវ​បានតែងតាំងជាស្នងការរងនគរបាលខេត្តកំពតទៅវិញ។

ករណីនេះ វាក៏ស្របគ្នាទៅនឹងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយសម្តេចបានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយ​តម្លៃ​ឱ្យ​បានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់ មុននឹងធ្វើ​ការ​តែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោម​ជាតិ៕