សង្គម

EDC អំពាវនាវឱ្យអតិថិជនប្រុងប្រយ័ត្ន ក្រោយ​មានជនទុច្ចរិតក្លែងជាបុគ្គលិកអគ្គិសនីកម្ពុជា ឆបោកតាមអនឡាញ

អគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានអំពាវនាវដល់អតិថិជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះករណីមានបុគ្គលមិនស្គាល់អត្តសញ្ញាណអះអាងថា ជាភ្នាក់ងារអគ្គិសនីកម្ពុជា ទំនាក់ទំនងទៅឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ ក្រោមរូបភាពផ្សេងៗតាមរយៈទូរសព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងនាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ថា ដោយកន្លងមក EDC បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់ខ្លួន អំពីករណីមានជនខិលខូចក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកម្ពុជា ឆបោកអតិថិជនតាមរយៈទូរសព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា។ ក្នុងរូបភាពមួយចំនួនដូចជា៖ ឱ្យអតិថិជនធ្វើការបង់ប្រាក់ ផ្ទេរប្រាក់ សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ និងប្ដូរបរិក្ខារអគ្គិសនីមួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្នជាដើម។ ដូច្នេះ បើពលរដ្ឋដែលជាអតិថិជន EDC បានជួបដូចករណីជូនដំណឹងនេះ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជា បញ្ជាក់បន្ថែមថា EDC ពុំបានបញ្ជូននិយោជិតណាម្នាក់ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់ របស់អគ្គិសនីកម្ពុជានោះទេ។ អគ្គិសនីកម្ពុជា មិនទទួលខុសត្រូវ ចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីជម្រាបជូនខាងលើ ដូច្នេះរាល់បញ្ហា និងចម្ងល់អតិថិជន អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទនៅលើវិក្កយបត្រ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់«អគ្គិសនីកម្ពុជា-EDC» ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា តាមរយៈលេខទូរសព្ទពិសេស៤ខ្ទង់ ១២៩៨ ដែលបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង៕