សង្គម

នគរបាលព្រហ្មទណ្ឌ បញ្ជូនក្រុមក្មេងៗបង្ករអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន៤៦នាក់មកសម្រាក និងសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង!

ខេត្តបាត់ដំបង÷ យុវជនប្រុស ស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាំមកសម្រាក ពេញមួយរាត្រី នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រុម ទីទុយរាត្រីចរ ប្រមូលផ្តុំគ្នា ជាក្រុមយាត្រាយ៉ាងអនាធិបតេយ្យ ពពាក់ពពូននៅក្នុងក្រុងបាត់ដំបង។

កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣កន្លងទៅនេះនិង ដោយមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ។

នៅវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣៧នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារ នគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែន ក្នុងនោះលោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យដឹកនាំកម្លាំងសហការ ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្ករភាពអនាធិបតេយ្យ ០១ ករណី និងបានធ្វេីការនាំខ្លួនប្អូនៗទាំងនោះចំនួន៤៦ នាក់ មកកាន់ស្នងការដ្ឋាន ដេីម្បីសាកសួរ ខណៈដែលក្មេងៗទាំងនេះ ប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនតាមទីសាធារណៈ។

ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាក នៅបរិវេណស្នងការដ្ឋាន និងសាកសួរ ក្នុងចំណោមប្អូនៗទាំងនោះ មានខ្លះបេីកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូ រកសេវាប្រេីប្រាស់គ្រឿងញៀន និង ខ្លះទៀតប្រមូលផ្តុំបង្ករភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង ។

ក្រោយការសាកសួរសមត្ថកិច្ចបានធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងនោះមាន ប្អូនៗចំនួន ១៥ នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ!

ចំពោះប្អូនៗដែលមានផ្ទុកសារធាតុញៀន សមត្ថកិច្ចបញ្ជូនទៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ចំណែកប្អូនៗដែលជិះម៉ូតូបង្ករភាពអនាណាធិបតេយ្យ និង ខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការបន្ត និងប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វេីការអប់រំ ឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ ។
នៅក្នុងប្រតិបត្តិការនោះក៏បានដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូ ចំនួន ២២ គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញ កំពុងចាត់ការបន្តតាមនីតិវិធី ជាមួយនេះដែរសមត្ថកិច្ច នៅតែបន្តអនុត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម ហេីយសូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួន កុំឱ្យមានបញ្ហាល្មេីស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕