ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រឹកថ្ងៃនេះ បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបមួយបានអូសបន្លាយឆ្លងកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ហើយជាមួយគ្នានេះ ខ្យល់មូសុងនិរតីមានល្បឿនមធ្យមបក់លើកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅបង្កួរ តែក្នុងនោះ ក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្តនៅភាគខាងត្បូង និងភាពពាយ័ព្យ អាចមានភ្លៀងធ្លាក់ច្រើន។
សម្រាប់បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិច ទៅបង្គួរ។
ដោយឡែកបណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្កួរ ហើយរលកសមុទ្រអាចមានកម្ពស់ពី ០.២៥ ទៅ០.៧៥ម៉ែត្រ។
យ៉ាងណាក៏ដោយ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួន នៃបណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល៕