កាលថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានបានបើកការស្រាវជ្រាវ បង្ក្រាបលើបទល្មើសទទួលផលនៃបទល្មើស សរុបទឹកប្រាក់ប្រហែល ១,៣០០,០០០ដុល្លារអាមេរិក នៅក្នុងនោះ សមត្ថកិច្ចយើងបានសហការបង្កកទឹកប្រាក់បានមួយចំនួនផងដែរ រូបភាពនៃការប្រព្រឹត្តបទល្មើសក្រុមជនសង្ស័យប្រើប្រាស់មធ្យោបាយប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងការទទួលប្រាក់ហើយធ្វើការបំលែងដោយផ្ទេរប្រាក់ចេញទៅវិញតាមប្រព័ន្ធរូបបិយប័ណ្ណអេឡិចត្រូនិច (Cryptocurrency) ។
ករណីនេះបានប្រព្រឹត្តឡើងដោយឧក្រិដ្ឋជនមួយក្រុម មានបណ្តាញនៅក្នុង និងក្រៅប្រទេស បានធ្វើសកម្មភាព អូសទាញជនសង្ស័យតាមបណ្តាញទំនាក់ទំនងសង្គមឱ្យចូលជាបក្សពួកដើម្បីធ្វើសកម្មភាពដូចខាងលើ។ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យ ០៥នាក់ត្រូវបាន នាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួល និងដកប្រាក់ ដែលពុំមានប្រភពច្បាស់លាស់ដោយបាន ឬមិនបានទទួលផលប្រយោជន៍ក៏ដោយ ព្រោះការទទួលប្រាក់ដោយគ្មានប្រភពច្បាស់លាស់នឹងអាចធ្វើឲ្យខ្លួនក្លាយជាសហចារីនៃបទល្មើស។ ចំពោះរូបបិយប័ណ្ណអេឡិចត្រូចនិច (Cryptocurrency) ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសរួចហើយថាពុំត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់នោះទេ។ សម្រាប់គណនីធនាគារ សូមកុំឱ្យអ្នកដទៃខ្ចីគ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការចូលរួមប្រព្រឹត្តិ ឬទទួលផលនៃបទល្មើសជាយថាហេតុ ហើយទង្វើនេះសាមីខ្លួននឹងទទួលខុសត្រូវចំពោះមុខច្បាប់៕