នៅព្រឹកថ្ងៃចន្ទនេះ សាលារៀនមួយចំនួននៅក្នុងប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញហើយសម្រាប់ដំណាក់កាលទី២ ក្រោយពីបានបិទទ្វារអស់រយៈពេលប្រមាណកន្លះឆ្នាំមកហើយ ក្រោយការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូវីដ១៩។
យ៉ាងណាក៏ដោយ ការបើកដំណើរការសាលារៀនឡើងវិញនេះ ក៏ត្រូវអនុវត្តនូវស្តង់ដាអនាម័យ តាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងសុខាភិបាលផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យសាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព។
កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់។
សិស្សានុសិស្សទាំងអស់ មុនពេលចូលសាលាតម្រូវឲ្យមានការវាស់កម្តៅ វាយត្រាសម្គាល់ លាងសម្អាតដៃកម្ចាត់មេរោគ ពាក់ម៉ាស់ ឬរបាំងមុខកាត់បន្ថយការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា ការបើកទ្វាសាលារៀនឡើងវិញ នៃគ្រឹះស្ថានសិក្សារដ្ឋ អនុវត្តសម្រាប់តែថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយឡែកសម្រាប់ខេត្តចំនួន៤ទៀតរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានអត្រាឆ្លងកូវីដ-១៩ កម្រិតទាប ក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕