សង្គម

កើតមានករណីគប់កញ្ចក់រថយន្តនៅផ្លូវជាតិលេខ៣ជាថ្មីក្រោយស្ងប់ស្ងាត់មួយរយៈ

ខេត្តតាកែវ ៖ ក្រោយស្ងប់ស្ងាត់ករណីគប់កញ្ចក់រថយន្តអ្នកដំណើរតាមដងផ្លូវ ក្នុងទឹកដីខេត្តតាកែវមួយរយៈ ពេលនេះបានកើតមាន មួយករណីហើយ នៅដើមខែកញ្ញានេះ។

តាមការបង្ហាញពីក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាក់ថា មានករណីគប់កញ្ចក់រថយន្តអ្នកដំណើរមួយកើតឡើង នៅវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលបង្ករឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ បែកអំបែងត្រូវអ្នកបើរបរឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឈ្មួញ សង្កាត់ដង្កោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងបួសត្រង់ចិញ្ចើមខាងឆ្វេង និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមានករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្ករបាន។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្ករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏សុំចិត្តប្រជាពលរដ្ឋសហការផ្តល់ព័ត៌មាន មកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥) របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសបានទាន់ពេលវេលា និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជាតិ ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732)061881299