រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីពង្រឹងការអភិវឌ្ឍ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីពង្រឹងការអភិវឌ្ឍ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាព ចំនួន៥ រួមមានទី១ ការអភិវឌ្ឍ វិស័យគន្លឹះនិងប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការពង្រីក និងការធ្វើពិពិធកម្មមូលដ្ឋាន កំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមក្នុងវិស័យគន្លឹះដែលមានស្រាប់ និង ការអភិវឌ្ឍប្រភពថ្មី នៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន និង ការពង្រឹងភាពធន់នឹង វិបត្តិ។
ទី២ ការលើកកម្ពស់ការតភ្ជាប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថលដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និង ពង្រឹង មូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព លើកកម្ពស់ភាពប្រកួតប្រជែងនិងជំរុញ ពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធថ្មីៗ។
ទី៣ ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្តផ្ដោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់ សេវាសាធារណៈ និង កិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច សម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។
ទី៤ ការពង្រឹង ប្រសិទ្ធភាព និង ភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ច ពិសេស រួមបញ្ចូលនូវសួនឧស្សាហកម្មដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការប្រមូល និង ការអភិវឌ្ឍបណ្ដាញផលិតកម្ម ឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និង ភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និង ក្នុងស្រុក លើកកម្ពស់ ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ និងជាពិសេសគាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយ ជីវភាពប្រជាជននៅទីជនបទ។ និងទី៥ ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សម្រាប់គាំទដល់ការវិនិយោគដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការរៀបចំ និង ការកែលម្អក្របខ័ណ្ឌ និង យន្តការហិរញ្ញប្បទាន និងការធ្វើពិពិធកម្មផលិតផល និងសេវាហិរញ្ញវត្ថុដែលធានាបានសន្ទនីយភាព (Liquidity) ក្នុងទីផ្សារ និង ជម្រើសហិរញ្ញប្បទានសម្រាប់ការវិនិយោគ សំដៅរួមចំណែកជំរុញការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ៕