សង្គម

មេក្លោងគ្រឿងញៀនដែលត្រូវបានរំដោះនៅខេត្តសៀមរាប ត្រូវចាប់ខ្លួនបាននៅខណ្ឌជ្រោយចង្វា

អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ចាប់បានអ្នកទោសមេក្លោង គ្រឿងញៀន Chen Hsin Han នៅភូមិសាស្ត្រខណ្ឌជ្រោយចង្វារដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះនៅគី្លនិកព្យាបាលធ្មេញក្នុងខេត្តសៀមរាប ខណៈជនឧក្រិដ្ឋដែលពាក់ព័ន្ធចំនួន១០នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក្រោយតែប៉ុន្មានថ្ងៃធ្វើសកម្មភាពរំដោះអ្នកទោសប៉ុណ្ណោះ។

អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបបទល្មើសគ្រឿងញៀន នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ថា ក្រុមឧក្រិដ្ឋជនដែលប្លន់រំដោះអ្នកទោសនេះជាករណីដែលមិនធ្លាប់មានឡើយនៅកម្ពុជាកន្លងមក។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា «ជាក់ស្តែង ជននេះបានបញ្ជាមកក្រុមវានៅក្រៅដើម្បីធ្វើសកម្មភាព(រំដោះ) ហើយវាមានប្រពន្ធដែលជាប្រភពទុន បញ្ជូនលុយបញ្ជូនកាក់មកបន្តឱ្យក្រុមឧក្រិដ្ឋជន»។

អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា ករណីនេះមិនទាន់ចប់ជាស្ថាពរនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធបន្ថែមទៀត ជាពិសេសតាមចាប់ជនល្មើសដែលអ្នករៀបចំប្រដាប់អាវុធឱ្យជនឧក្រិដ្ឋធ្វើគម្រោងប្លន់រំដោះអ្នកទោស។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ក្នុងអំឡុងអ្នកទោសគ្រឿងញៀនជនជាតិចិនរត់គេចខ្លួនរយៈពេល៥ថ្ងៃក្រោយពីរំដោះបាន ទណ្ឌិតដែលជាប់ពន្ធនាគារខេត្តសៀមរាបបានព្យាយាមរត់គេចឆ្លងដែនទៅប្រទេសថៃ និងឡាវ ប៉ុន្តែត្រូវបានសមត្ថកិច្ចកាត់ផ្តាច់ខ្សែរយៈ និងមធ្យោបាយទាន់ពេលវេលា ទើបអ្នកទោសវិលវល់មកលាក់ខ្លួននៅរាជធានីភ្នំពេញ។

អ្នកទោសនឹងត្រូវបានតុលាការផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបន្ថែមទៀត គឺអាចជាប់ទោសលើសមួយជីវិតតែម្តង។នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ដែលបន្ថែមថា ការជាប់ទោសលើសមួយជីវិតគឺមិនគិតពីឆ្នាំនោះទេ ខណៈទណ្ឌិតម្នាក់នោះត្រូវបានតុលាការកន្លងមកផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥២ឆ្នាំពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន៕