សង្គម

ថៃ និង​កម្ពុជា ជ្រើសរើស​នាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ

ខណៈដែលរដ្ឋសភា​​ប្រទេស​កម្ពុជា​នៅព្រឹក​ថ្ងៃទី២២ សីហា នេះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៅ​ឯ​ប្រទេសថៃឯណោះវិញ រដ្ឋសភា​ក៏​បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្រ្តី នៅថ្ងៃតែមួយ​ជាមួយ​កម្ពុជាផងដែរ។

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ថា «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នា នៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា ចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យរីកចម្រើនទ្វេដងបន្ថែមទៀត»។

ថ្ងៃទី២២ខែសីហានេះ សភាថៃបានបើកសម័យប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីភាពជាប់គាំងនយោបាយរយៈពេលបីខែ ដោយក្នុងនោះ សេដ្ឋីអចលនទ្រព្យមកពីបក្សភឿថៃ លោក ស្រេតថា ថាវីស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃរូបនេះ គឺជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បន្ទាប់ពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធាជាង ៧០នាក់បានបោះឆ្នោតគាំទ្រលោក។ ការណ៍នេះបានធ្វើឱ្យលោក ស្រេតថា ថាវីស៊ីន ទទួលបានសំឡេងគាំទ្រលើសពី ៣៧៥ពីសភាជាន់ខ្ពស់ និងជាន់ទាបរួមបញ្ចូលគ្នា។

គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក ស្រេតថា កើតឡើងបន្ទាប់ពីបក្សភឿថៃ បានសម្រេចចិត្តចងសម្ព័ន្ធភាពជាមួយបក្សដែលមានទំនាក់ទំនងជាមួយយោធាចំនួន២ និងបក្សផ្សេងៗទៀតចំនួន៨។ គណបក្សភឿថៃ និងគណបក្សចំនួន១០នេះ កាលពីរសៀលថ្ងៃចន្ទទី២១ ខែសីហា បានប្រកាសសម្ព័ន្ធភាពជាមួយគ្នា ជាមួយនឹងសំឡេងសរុប៣១៤ នៅក្នុងសភា៕