ខេត្តពោធិ៍សាត់៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញ ២កន្លែង ក្នុងភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។
នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌា ទើបទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុកវាលវែង បែរជាបណ្ដោយឱ្យមានល្បែងស៊ីសង យ៉ាងដូច្នេះទៅវិញ។
ប្រភពបានបញ្ជាក់ថា កន្លែងលេងល្បែងជល់មាន់ តាមអនឡាញទាំងពីរកន្លែងខាងលើនេះ កន្លងមកក៏ធ្លាប់ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ច អោយធ្វើកិច្ចសន្យា បញ្ឈប់មិនឱ្យមានដាក់លេងល្បែងស៊ីសងនៅទីតាំងទាំងពីរនេះទៀតទេ។
ពលរដ្ឋក្នុងឃុំអន្លង់រាប បានបន្ថែមថា សង្ស័យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងស្រុកវាលវែង ប្រហែលជាត្រូវថ្នាំសណ្តំ ដេកលង់លក់អស់ហើយមើលទៅ បានជាភ្លេចកាតព្វកិច្ច ក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទងករណីខាងលើនេះ លោកធាង ឡេង អធិការស្រុកវាលវែង បានប្រាប់ បណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា នៅល្ងាចនេះថា ចំពោះល្បែងស៊ីសង២ទីតាំង ក្នុងភូមិអន្លង់រាប ឃុំអន្លង់រាប ចាំលោកឲ្យកម្លាំងប៉ុស្តិ៍ចុះទៅពិនិត្យមើលទៀត។
ពលរដ្ឋក្នុងឃុំអន្លង់រាប កំពុងរង់ចាំមើល តើលោកធាង ឡេងអធិការស្រុកវាលវែង បញ្ចេញស្នាដៃ បង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឬទេ? ជៀសវាងប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលស្រុកវាលវែង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299