នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតចូលរួមបើកសម័យប្រជុំដំបូងនៃរដ្ឋសភាជាតិ សម្រាប់នីតិកាលទី៧។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់ចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះ ដែលរួមមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចំនួន១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ បន្ទាប់មករដ្ឋសភាជាតិ នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា សម្រាប់នីតិកាលទី៧។ នៅពេលរសៀល តំណាងរាស្ត្រដែលប្រកាសសុពលភាពទាំង១២៥រូប យាង និងអញ្ជើញទៅស្បថនៅព្រះបរមរាជវាំង។
ដោយឡែក សម្រាប់កម្មវិធីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី១របស់ខ្លួន លើរបៀបវារៈចំនួន១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧៕