សង្គម

ក្រសួងសុខាភិបាល ប្រកាសមិនឱ្យប្រើប្រាស់ផលិតផលម្សៅកន្ទួតព្រៃអាយុវែង ក្រោយ​រកឃើញ​សារធាតុប៉ះពាល់សុខភាព

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឹបខ្មែរ Herb Khmer» និងបានប្រកាសមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) ឡើយដោយសារវាមានផ្ទុកសារធាតុ Betamethasone និងMeloxicam ព្រោះវាបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី ១៥ ខែសីហា ឱ្យដឹងថា តាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលនៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ «កន្ទួតព្រៃសុខភាព» មានដាក់សារធាតុ Betamethasone និងMeloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់។