ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានជូនដំណឹងទៅដល់ក្រុមហ៊ុន Nutrilatt Master LM Co, LTD ឲ្យបញ្ឈប់ជាបន្ទាន់នូវការនាំចូល និងត្រូវប្រមូលមកវិញនូវម្សៅទឹកដោះគោម៉ាក Nutrilat ដែលមានលេខកូដ ៤៨៧,៤៨៨,៥៣៦,៥៣៧,៥៣៨ និង៥៣៩។
តាមការបញ្ជាក់របស់ក្រសួងថា ផ្អែកលើលទ្ធផលវិភាគលើសំណាកគំរូ បានបង្ហាញថា ម្សៅទឹកដោះគោនោះ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម/១០០ក្រាម ដែលជាកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែលកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ ដែលក្នុងនោះកម្រិតជាតិដែកតម្រូវឲ្យមានយ៉ាងតិច ២.២៨មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ១ (ចាប់ពីទារក ដល់អាយុ៦ខែ) និងយ៉ាងតិច ៤.៧២មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ២ (ចាប់ពីអាយ៦ខែ ដល់អាយុ ១២ខែ)។
ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពទារក និងកុមារ ក្រសួងពាណិជ្ជកម្មតម្រូវឲ្យម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញទូទាំងប្រទេសផ្អាកការតាំងលក់នូវផលិតផលនេះ និងត្រូវប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប.។
ក្នុងកិច្ចប្រតិបត្តិការប្រមូលផលិតផលនេះ ក្រសួងពាណិជ្ជកម្មបានចាត់ឲ្យអគ្គនាយកដ្ឋានក.ប.ប.ចុះត្រួតពិនិត្យនៅតាមបណ្តាផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានា ដើម្បីដកហូតនូវផលិតផលនោះមកវិញ។
ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យមាតាបិតាបញ្ឈប់នូវការប្រើប្រាស់ផលិតផលនេះជាបន្ទាន់។ ក្នុងករណីមាតាបិតាដែលបានប្រើផលិតផលនេះបណ្តាលឲ្យកូនមានសុខភាពមិនល្អ ពួកគេអាចមកដាក់ពាក្យបណ្តឹងនៅអគ្គនាយកដ្ឋានក.ប.ប. ផ្លូវលេខ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬខលតាមលេខទូរសព្ទ០៩២ ៨៣០ ៨៥៦៕