សង្គម

លោកអធិការរងខណ្ឌចំកាមនម្នាក់ នឹងត្រូវរងពិន័យ បន្ទាប់ពីឃាត់រថយន្តពលរដ្ឋទាំងខ្លួនស្រវឹងស្រា រហូតបង្កជាជម្លោះប្រើហិង្សា

លោកអធិការរងទទួលផែនការងារ ជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខណ្ឌចំការមន គឺលោកវរសេនីយ៍ទោ ហ៊ុត គង់ សង្ស័យស្រវឹងស្រា បានជិះម៉ូតូទៅឃាត់រថយន្តពលរដ្ឋ ហើយបង្កជាជម្លោះតឹងសសៃកដាក់គ្នា និងឈានដល់ការប្រើហិង្សាលើបុរសម្ចាស់រថយន្តបណ្តាលឲ្យសន្លប់ កាលពីវេលាម៉ោង ១២:៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវលេខ៤៨៤ កែងផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក ដើម្បីសុំវិធានការពីសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីអធិការងខណ្ឌចំកាមនម្នាក់ដែលវាយប្រជាពលរដ្ឋឱ្យសន្លប់នោះ កំពុងអនុវត្តតាមបទបញ្ជា និងការណែនាំពី លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺដាក់បញ្ជាដាច់ណាត់ទៅអធិកានគរបាលខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ចំពោះមន្ត្រីដែលបានបង្កអំពើហិង្សាលើប្រជាពលរដ្ឋដូចនេះ ដែលគាត់បានបើកបរបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕