កាលពីពេលថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី «បញ្ជីឈ្មោះប្រទេស ឬតំបន់ និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ហើយក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។សម្រាប់ ផលិតផលជលផលដែលធ្វើការនាំចេញទៅកាន់ប្រទេសចិនរួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ នេះបើយោងតាមការចេញផ្សាយលើផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បើតាមស្ថានទូតចិន បានឱ្យដឹងថា នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួមគេលើ”ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមាន បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន។
រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតិឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕