សង្គម

រដ្ឋបាលខេត្តសៀមរាបចេញមកបំភ្លឺក្រោយពលរដ្ឋរិះគន់រឿងស្ទឹងសៀមរាបដុះស្លែ និងកំប្លោក

ក្រោយ​អ្នកប្រើប្រាស់បណ្ដាញសង្គម​​បង្ហោះសារស្នើរដ្ឋបាលខេត្តសៀមរាប ឱ្យដាក់កម្លាំងសំអាតដងស្ទឹង ដោយសារបច្ចុប្បន្នស្ទឹងធ្លាក់សោភ័ណភាពជាខ្លាំង។ ទន្ទឹមនឹងនោះ មានមតិខ្លះរិះគន់ក្នុងន័យស្ថាបនាដោយលើកឡើងថា៖ «ទាស់តែដងស្ទឹង អត់មានតំហែរទាំ កុំអីស្អាតណាស់។ បើសិនរដ្ឋបាលខេត្ត លោកដាក់កម្លាំងប្រហែល20នាក់ ចែវទូកឬក្បូន សំអាត សារាយ កំប្លោក ចក ស្លែ និងសំរាម ពីស្ទឹងចេញ ជាប្រចាំនោះ វាជាពិតណាស់ ក្រុងសៀមរាប រិតតែមានសម្រស់ ទាក់ទាញអារម្មណ៍ អ្នកទេសចរមួយកំរឹតទៀត ឱ្យត្រូវគ្នាទៅនឹង ផ្លូវ៣៨ខ្សែ ដែលទើបស្ថាបនារួចថ្មីៗ»។

ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តសៀមរាបបានលើកឡើងថា ខេត្តសៀមរាបបានទទួលគម្រោងស្ដារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុកមានប្រវែង ៤,៦គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េផ្តោតលើការស្ដារ និងការរៀបចំសោភ័ណភាពស្ទឹងសៀមរាប ម្យ៉ាងទៀតដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាបដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។ គម្រោងនេះអនុវត្តរយៈពេល ២ឆ្នាំ ៨ខែដែលបានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤។

រដ្ឋបាលខេត្តសៀមរាបបានអះអាងថា ជាមួយនឹងការអនុវត្តគម្រោងខាងលើតាមផែនការដែលគ្រោងទុក គម្រោងត្រូវបិទចរន្តទឹកហូរទាំងស្រុង ទាំងចរន្តទឹកហូរចូល និងចរន្តទឹកហូរចេញ ដើម្បីជៀសវាងមានផលប៉ះពាល់ដល់ការអនុវត្តគម្រោងនេះ។ កន្លងមក រដ្ឋបាលក្រុងក៏បានស្តារស្ទឹងតាមផែនការ ប៉ុន្តែដោយសារហេតុផលដូចបានបញ្ជាក់ជូនខាងលើ ធ្វើឱ្យតម្រូវការស្ដារមានទំហំធំ ជាហេតុធ្វើឱ្យការស្ដារបានតែនៅតាមចំណុចមួយចំនួនប៉ុណ្ណោះ។

យ៉ាងណាមិញ រដ្ឋបាលខេត្តសៀមរាបបានសន្យាថា៖ «រដ្ឋបាលខេត្តនឹងយកបញ្ហានេះពិនិត្យបន្ថែមទៀតជាមួយក្រុមការងារអនុវត្តគម្រោង និងរដ្ឋបាលក្រុងសៀមរាប ដើម្បីពិនិត្យលទ្ធភាពក្នុងកាត់បន្ថយផលប៉ះពាល់ និងការស្ដារឱ្យបានច្រើន»៕