សង្គម

មន្ទីរសុខាភិបាលអំពាវនាវ​ដល់ពលរដ្ឋកុំហូបសត្វល្អិតផ្សេងៗដែលមិនស្គាល់ ក្រោយប្តីប្រពន្ធមួយ​គូរពុលសត្វកំភេមខ្មោច

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ បានធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ទៅលើការទទួលទានសត្វល្អិតផ្សេងៗ ដែលមិនស្គាល់ច្បាស់ពីវា។ ការអំពាវនាវនេះបានធ្វើឡើងក្រោយ​ពីប្តីប្រពន្ធមួយគូរបានពុលសត្វកំភេមខ្មោច ហើយស្រ្តីជាប្រពន្ធបានស្លាប់ ដោយឡែកប្តីកំពុងធ្វើការជួយ​សង្រ្គោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែសីហា មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារថា មានប្រជាពលរដ្ឋមួយគ្រួសារ បាននាំគ្នាទៅចាប់សត្វកំភេមខ្មោចមកបរិភោគ ប៉ុន្តែជាអកុសលនារីជាប្រពន្ធបានពុលស្លាប់ ខណៈបុរសជាប្ដីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា បើតាមសេចក្តីរាយការណ៍ពីមន្ត្រីសុខាភិបាលស្រុកផ្ដល់ជូនឱ្យលោកបានជ្រាប គឺករណីខាងលើនេះជារឿងពុលពិតប្រាកដមែន ខណៈដែលប្ដីប្រពន្ធខាងលើ បាននាំគ្នាចាប់យក«សត្វកំភេមខ្មោច»មកពីចម្ការ ហើយពួកគាត់ពីរនាក់ប្ដីប្រពន្ធបានលីងចម្អិនបរិភោគ ប៉ុន្តែបុរសជាប្ដីបានបរិភោគតែ២ទៅ៣សត្វប៉ុណ្ណោះ ឯស្ត្រីជាភរិយាបានបរិភោគអស់ចំនួន៥ទៅ៦សត្វ។ ក្រោយមក ស្ត្រីជាភរិយាមានអាការចុកពោះខ្លាំង ក្អួតចង្អោរ និងបានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពស្រអែម ហើយត្រូវគ្រូពេទ្យនៅមណ្ឌលសុខភាពបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។

លោកវេជ្ជបណ្ឌិត គួង ឡូ បន្តថា បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះបឋម ដោយការដាក់សេរ៉ូមជំនួយ និងដោយមន្ទីរពេទ្យបង្អែកស្រុកគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះអ្នកជំងឺមានកម្រិតធ្ងន់បែបនេះ គ្រូពេទ្យបានសម្រេចថា ដឹកបញ្ជូនភរិយាបន្តទៅកាន់មន្ទីរពេទ្យខេត្ត តែបុរសជាស្វាមីមិនមានអាការៈអ្វីធំដុំទេ ប៉ុន្តែក្រោយពីរថយន្តពេទ្យដឹកប្រពន្ធចេញបានតែ២ទៅ៣គីឡូម៉ែត្រ បុរសជាប្ដីមានអាការៈចុកពោះខ្លាំងដូចប្រពន្ធដែរ ហើយរថយន្តសង្គ្រោះបានបកមកយកប្ដីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តជាមួយគ្នាតែម្ដង។ លោកបន្ថែមថា លុះមកដល់មន្ទីរពេទ្យខេត្ត ស្ថានភាពស្ត្រីជាប្រពន្ធមានអាការៈធ្ងន់ធ្ងរកាន់តែខ្លាំង បើទោះបីក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងណា ក៏មិនអាចស្រោចស្រង់អាយុជីវិតគាត់បានដែរ ហើយគាត់បានស្លាប់នៅម៉ោងប្រហែល៨ព្រឹកថ្ងៃទី៥សីហា។ ចំណែកឯបុរសជាប្ដីត្រូវបានគ្រូពេទ្យដឹកបញ្ជូនបន្តទៅសង្គ្រោះអាយុជីវិតនៅឯខេត្តសៀមរាបបន្តទៀត។ បច្ចុប្បន្ន បុរសជាប្ដីកំពុងសម្រាកព្យាបាលនៅទីនោះ៕