ទីបំផុតទៅ សំណង់ប្រាសាទកំពូលបី ដែលផ្តួចផ្តើមសាងសង់ដោយលោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត ដោយចំណាយលុយអស់ប្រមាណកន្លះលានដុល្លារនោះ ត្រូវបានក្រសួងមហាផ្ទៃបញ្ជាឲ្យធ្វើការរុះរើចេញវិញ។
តាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ផ្ញើទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការឲ្យរុះរើនេះ គឺដោយសារតែសំណង់អគារច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺមានរូបប្រាសាទកំពូលបី និងមានរចនាបទជាខ្មែររួចទៅហើយ ហេតុនេះ ពុំចាំបាច់សាងសង់ទៀតឡើយ។ ម្យ៉ាងទៀត គឺដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ នៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
យ៉ាងណាក៏ដោយ ចំពោះទីតាំងរង្វង់មូលនេះ ក្រសួងមហាផ្ទៃបានប្រាប់ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ គួរពិនិត្យលទ្ធភាពរៀបចំជាសួនច្បារវិញ៕