នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារដោយប្រកាសឈប់កាន់តំណែងជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិថ្មី ដោយប្រគល់ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្រ្តីបន្ទាប់។
សម្តេចតេជោមានប្រសាសន៍ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
បើតាមប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីលែងកាន់តំណែងជានាយករដ្ឋមន្រ្តីបន្តទៀត សម្តេចនឹងនៅបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគ្រោងទទួលតំណែងជាប្រធានព្រឹទ្ធសភា ហើយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ,សម្តេចក្រឡាហោម ស ខេង ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងត្រូវចុះចេញពីតំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះករុណា ព្រះមហាក្សត្រ។
សម្តេចបញ្ជាក់ថា នៅប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្លាយជានាយករដ្ឋមន្រ្ដីថ្មី ហើយការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នេះ គឺអាស្រ័យលើកត្តាចំនួន៤ គឺ ១-មានការឯកភាពផ្ទៃក្នុងពីគណបក្ស ,២-ជាប់តំណាងរាស្ត្រ ,៣-ត្រូវតែងតាំងពីព្រះមហាក្សត្រ និងទី៤ ត្រូវឆ្លងកាត់ពីសភាជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំមានការបារម្ភចំពោះការចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច៕