ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។
សេចក្ដីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្មប្រសើរឡើង, លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់និងដំណោះស្រាយឌីជីថលដែលត្រូវបានអនុវត្តន៍ក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការកម្រិតមូលដ្ឋានជាមួយនឹងថវិកាជាតិ និងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងសមធម៌ដូចជាការទទួលបានទឹកស្អាតអនាម័យនិងការអប់រំជាដើម។ វិធានការដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋានផងដែរ»។
លោកស្រីបានបន្ដថា កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈការក្នុងប្រទេសកម្ពុជារួមទាំងការបង្កើតគោលនយោបាយ និង ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ដំណើរការវិមជ្ឈការក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។
លោកស្រីនាយិកាបានបញ្ជាក់ថា ADB បានជួយបង្កើតការិយាល័យសេវាច្រកចេញ-ចូលតែមួយសម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជាការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ាដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណភាពនៃសេវាកម្មដែលបានផ្តល់។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា កម្មវិធីរងទីពីរនេះផ្តោតលើការពង្រឹងការសម្របសម្រួលការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការនិងប្រកបដោយគណនេយ្យភាពនិងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋាន។ វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ដែលត្រូវបានអនុម័តក្រោមកម្មវិធីរងទីមួយដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់មន្ត្រីរដ្ឋបាលមូលដ្ឋានតាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន។
សូមជម្រាបជូនថា ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការចាប់តាំងពីឆ្នាំ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាល និងសារពើពន្ធសម្រាប់ការកែលម្អការផ្តល់សេវាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣៕