ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ដោយសារទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងវៀតណាម រួមទាំងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី១ សីហា។
បើតាមក្រសួងធនធានទឹក ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ឯនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ព្យុះទី៥ ឈ្មោះ ដុកស៊ូរីបានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះនឹងអាចទៅដល់ប្រទេសចិន ក្នុងអំឡុងថ្ងៃទី២៨ ខែកក្កដា។
លក្ខណៈទាំងនេះនឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ពេញផ្ទៃប្រទេសដោយក្នុងនោះ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ទៅ ២៥អង្សាសេ និងមានសីតុណ្ហភាអតិបរមាពី ៣២ទៅ៣៤អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរលើកលែងតែបណ្តាខេត្តនៅភាគពាយ័ព្យអាចមានភ្លៀងជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២២ទៅ ២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ២១ ទៅ ៣៣អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក តំបន់មាត់សមុទ្ទមានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ៣៨ ទៅ ៣០អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្ទនឹងមានខ្យល់បក់បោកខ្លាំងព្រមទាំងរលកសមុទ្ទមានកម្ពស់ខ្ពស់៕