គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាជនចំនួន ៨.២១៣.២៦០នាក់ ឬប្រមាណ ៨៤.៥៨% បានចេញទៅបោះឆ្នោត ដែលចំនួននេះខ្ពស់ជាងការបោះឆ្នោតកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២។
ជាមួយគ្នានេះ បើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោកថា ទោះបីជាមុនថ្ងៃបោះឆ្នោតមានករណីភ្លៀងធ្លាក់ខ្លាំង និងមានករណីអគ្គិភ័យបណ្ដាលឲ្យខូចខាតសម្ភារ ឯកសារបោះឆ្នោតមួយចំនួនក្តី ក៏ការបោះឆ្នោតដំណើរការដោយរលូន។
លោក ប្រាជ្ញ ចន្ទ បានបន្តថា ដោយមានកិច្ចសហការល្អ ពីសំណាក់យន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដំណើរការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។
ចំពោះសភាពការណ៍សន្តិសុខបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងធានាឲ្យការបោះឆ្នោតដំណើរការរលូនល្អ និងប្រកបដោយសន្តិសុខ និងសុវត្ថិភាព៕